Jurgen Klopp អតីតអ្នកចាត់ការក្រុម Borussia Dortmund អាចនឹងព្រមព្រៀងទៅដឹកនាំក្រុម Liverpool ជំនួសអ្នកចាត់ការបច្ចុប្បន្ន Brendan Rodgers ប៉ុន្តែមានលក្ខខ័ណ្ឌមួយគឺ ក្លិបត្រូវតែលុបបំបាត់គណៈកម្មាធិការទិញដូរកីឡាករ ដោយឲ្យសិទ្ធិដល់លោកជាអ្នកសម្រេចជាធំ។
បើយោងតាមសេចក្ដីរាយការណ៍ចុងក្រោយ បុរសសញ្ជាតិអាល្លឺម៉ង់ Klopp អាចនឹងបញ្ចប់ការសម្រាករបស់ខ្លួន ហើយព្រមដឹកនាំក្រុមហង្សក្រហម បើសិនលោកទទួលបានសិទ្ធិសម្រេចចិត្តខ្លួនឯង ក្នុងការទិញដូរកីឡាករ ជាជាងឲ្យថ្នាក់លើរបស់ក្លិបជាអ្នកសម្រេច។
Klopp វ័យ៤៨ឆ្នាំ និង Carlo Ancelotti អតីតអ្នកចាត់ការក្រុម Real Madrid គឺជាបេក្ខភាពឈានមុខគេ ក្នុងការជំនួសតំណែងលោក Rodgers បើសិនជាម្ចាស់ក្លិប Liverpool លោក John W Henry និងក្រុមហ៊ុន Fenway Sports Group សម្រេចថាផ្លាស់ប្ដូរ។
រីឯអ្នកចាត់ការ Liverpool បច្ចុប្បន្នលោក Rodgers មិនអាចសម្រេចចិត្តទិញដូរកីឡាករដោយខ្លួនឯងបានទេ ពោលគឺត្រូវចាំការសម្រេចចិត្តពីម្ចាស់ក្លិបលោក Henry, Tom Werner, នាយកប្រតិបត្តិ Mike Gordon និងនាយកគ្រប់គ្រង Ian Ayre ជាដើម។ កន្លងមកដូចជាទិញ Mario Balotelli គឺមិនមែនជាគំនិតរបស់អ្នកចាត់ការសញ្ជាតិអៀរឡង់ឡើយ ហើយអ្នកចាត់ការវ័យ៤២ឆ្នាំរូបនេះ ធ្លាប់ចង់បានកីឡាករ Ashley Williams របស់ Swansea តែត្រូវថ្នាក់លើបដិសេធមិនឲ្យទិញថែមទៀតផង។
Klopp ដែលធ្លាប់ជួយឲ្យ Dortmund លើកពាន Bundesliga ២ដង និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង និងអាចដឹកនាំ Liverpool មែន ព្រោះកន្លងមកលោកធ្លាប់លើកឡើងថា លោកនឹងអាចដឹកនាំក្រុមធំណាមួយ តែមិនចាំបាច់ក្រុមនៅ Top 4 ក៏បាន៕
Sign up here with your email
Conversion Conversion Emoticon Emoticon