ការប្រើកាសស្ដាប់ចម្រៀងកាន់តែពេញនិយមច្រើនឡើងៗក្នុងចង្កោមយុវវ័យ មិនថាបរទេស មិនថាខ្មែរយើង។ ភាគច្រើននៃក្រុមមនុស្សចូលចិត្តកម្សាន្តបែបនេះ មិនយល់ដឹងពីការប្រើប្រាស់កាសត្រចៀកឲ្យបានត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យពួកគេអាចបាត់បង់សមត្ថភាពស្ដាប់បណ្ដើរៗដោយមិនដឹងខ្លួន។
ចង់យល់ច្បាស់ពីបញ្ហាសាមញ្ញ តែគ្រោះថ្នាក់មួយនេះ សូមស្ដាប់លោក James E. Foy វេជ្ជបណ្ឌិតជំនាញមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បកស្រាយ៖
“ការប្រើកាសស្ដាប់ចម្រៀងក្នុងកម្រិតឮខ្លាំង ហើយយូរ អាចនឹងធ្វើក្មេងៗ និងមនុស្សជំទង់បាត់បង់សមត្ថភាពស្ដាប់ពេញមួយជីវិត”។ Dr. Foy សង្កត់ធ្ងន់ៗ។
ពេទ្យជំនាញអាមេរិករូបនេះបន្តព្រមានថា “ឧបករណ៍ MP3 បច្ចុប្បន្នភាគច្រើន អាចបង្កើតសំឡេងរហូតដល់កម្រិត ១២០ ដេស៊ីបែល (decibel) គឺស្មើនឹងកម្រិតសំឡេងនៃការប្រគំតន្ត្រីរ៉ក់ឯណោះ”។
ស្ដាប់យ៉ាងម៉េចទើបមានសុវត្ថិភាព?
ពេលអ្នកស្ដាប់កាស ហើយមិនឮអ្វីៗជុំវិញខ្លួនអ្នកខាងក្រៅ មានន័យថា កម្រិតដេស៊ីបែលខ្ពស់ខ្លាំង។ ទោះយ៉ាងណា Dr. Foy បានណែនាំឲ្យបើកសំឡេងត្រឹមកម្រិត ៦០% ចុះក្រោម ពេលស្ដាប់កាស ដើម្បីចៀសវាងបញ្ហានេះ។
ស្ដាប់យូរប៉ុណ្ណាអាចប្រឈមបញ្ហា?
Dr. Floy ពន្យល់ថា “យោងតាមការពិសោធន៍ អ្នកគួរប្រើឧបករណ៍ MP3 បើកសំឡេងកម្រិតខ្ពស់បំផុតត្រឹម៦០% ហើយស្ដាប់ត្រឹមតែ ៦០នាទីក្នុងមួយថ្ងៃ។ “បើកសំឡេងកាន់តែខ្លាំង រយៈស្ដាប់កាន់តែតិច ទើបប្រសើរ។ បើបើកសំឡេងខ្លាំង អ្នកគួរស្ដាប់តែ ៥ នាទីក្នុងមួយថ្ងៃទៅបានហើយ”។
អ្វីជាសញ្ញានៃការបាត់បង់សមត្ថភាពស្ដាប់?
“ការបាត់បង់សមត្ថភាពស្ដាប់ដោយសារកាស ជាទូទៅកើតឡើងសន្សឹមៗដោយមិនដឹងខ្លួន ដោយគ្មានរោគសញ្ញាអ្វីច្បាស់ឡើយ។ មានតែការធ្វើតេស្ដស្ដាប់ និងឲ្យពេទ្យពិនិត្យទេ ទើបដឹងពីការប៉ះពាល់សមត្ថភាពស្ដាប់របស់អ្នក”។ ប៉ុន្តែ Dr. Foy ណែនាំពីរោគសញ្ញាខ្លះៗដូចខាងក្រោម៖
– ហ៊ឹងត្រចៀកជាប់
– ពិបាកស្ដាប់បាន ពេលគេនិយាយនៅកន្លែងមានសំឡេងរំខាន ឬអ៊ូអរ
– ស្ដាប់ទូរទស្សន៍ឬវិទ្យា ដោយបើកសំឡេងខ្លាំងៗជាងមុន
មានវិធីព្យាបាលទេ?
គួរឲ្យសោកស្ដាយ ការបាត់បង់សមត្ថភាពស្ដាប់ដោយសារសំឡេងខ្លាំងៗ ឬកាសត្រចៀក មិនអាចព្យាបាលឲ្យស្ដាប់ឮល្អវិញបានដូចដើមឡើយ។ មានតែវិធីមួយគត់ គឺពាក់ឧបករណ៍ជំនួយការស្ដាប់តែប៉ុណ្ណោះ។
វិធីបង្ការ
“ដំបូង និងសំខាន់ជាងគេ គឺត្រូវអនុវត្តតាមក្បួន ៦០/៦០ (សំឡេងខ្ពស់បំផុត៦០% ស្ដាប់យូរបំផុត៦០នាទី)”។ មួយទៀត Dr. Foy ណែនាំឲ្យប្រើកាសត្រចៀកធំៗគ្របលើត្រចៀក ជាជាងកាសទំនើបបច្ចុប្បន្នដែលពាក់ ឬញ៉ុកដល់រន្ធត្រចៀកផ្ទាល់តែម្ដង៕
Sign up here with your email
Conversion Conversion Emoticon Emoticon