យោងតាមរបាយការណ៍ពិសេសដែលអង្កេតដោយវិបសាយ Goal បានបង្ហាញឱ្យឃើញថាតាំងពីផ្លាស់ពី Manchester United មក Real Madrid កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេង និងយុទ្ធសាស្ត្រថ្មីៗរហូតពីមួយរដូវកាលទៅមួយរដូវកាល (One Touch , One Goal) ដែលធ្វើឱ្យកំពូលខ្សែប្រយុទ្ធរូបនេះមិនធ្លាក់ជើងនោះទេ។
៦១គ្រាប់ក្នុងការបង្ហាញខ្លួន៥៤ប្រកួតក្នុងរដូវកាលនេះ បានធ្វើឱ្យ Ronaldo ត្រលប់ទៅរកចំណុចកំពូលរបស់គេវិញ ខណៈដែលរដូវកាល២០១១-២០១២ រូបគេក៏បានធ្វើល្អដូចគ្នា ៦០គ្រាប់ក្នុង៥៥ប្រកួត។ នេះសបញ្ជាក់ឱ្យឃើញថា អាយុកាន់តែច្រើន បានធ្វើឱ្យអតីតកីឡាករ Man Utd រូបនេះមានសមត្ថភាពកាន់តែខ្ពស់ និងប្លែកជាងមុនទៅទៀត។
បើងាកត្រលប់ថយក្រោយបន្តិច កាលពីឆ្នាំ២០០៩ Real Madrid ទិញ Cr7 មកក្នុងតម្លៃ៩៤លានអឺរ៉ូ ដែលកាលនោះក្នុងតំណែងជាខ្សែបម្រើស្លាប មានសមត្ថភាពញាក់បាល់ មានបច្ចេកទេសបោះបាល់ឱ្យមិត្តរួមក្រុមស៊ុត និងជាកីឡាករដែលអាចស៊ុតបានគ្រប់ទីកន្លែង។ តែរយៈពេល៦ឆ្នាំក្រោយមក ម្ចាស់ពាន Ballon d’Or ៣សម័យរូបនេះនៅតែធ្វើបានល្អដដែល តួយ៉ាងរដូវកាលនេះ រកបាន៤៨គ្រាប់នៅ La Liga អាចបញ្ជាក់បានថារូបគេជាម្ចាស់ពានរង្វាន់ Pichichi និងជាបេក្ខភាពដែលត្រូវទទួលបានស្បែកជើងមាសទ្វីបអឺរ៉ុបជាលើកទី៤របស់គេ។ លើសពីនេះទៅទៀត ពេលនេះ Ronaldo មិនត្រឹមតែជាកីឡាករលេងជំនាញតែស្លាបឆ្វេងនោះទេ សូម្បីតែប្រយុទ្ធកណ្ដាល និងស្លាបស្ដាំក៏អាចលេងបានយ៉ាងស្ទាត់ជំនាញផងដែរ។
ភស្ដុតាងមួយទៀតដែល Goal បានលើកឡើងដើម្បីបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើជាកីឡាករមិនចេះចាស់គឺតាំងពីរូបគេមានវ័យ២៤ឆ្នាំមកហើយ ដែលបុរសកូនមួយរូបនេះអាចញាក់បាល់ដាច់ខ្សែការពារជាច្រើននាក់ និងអូសស៊ុតដោយខ្លួនឯងនោះ។ ហើយបច្ចុប្បន្ននេះវិញ នៅក្របខ័ណ្ឌ La Liga ពេល Real Madrid ប្រកួតជាមួយ Sevilla , Espanyol និង Getafe ក៏គេឃើញដែរថា ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះធ្វើបានយ៉ាងល្អដោយរកបាន Hat-Trick ផង និងជួយមិត្តរួមក្រុមបានច្រើនផង។
សរុបជារួមមក វិបសាយ Goal បានដាក់ឈ្មោះឱ្យកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ថាជាកីឡាករដែលមានអ្វីថ្មីរហូតសម្រាប់អ្នកគាំទ្រ និងក្លិបរបស់ខ្លួន ទោះជាអាយុកាន់តែច្រើនហើយក៏ដោយ ដោយសំអាងលើហេតុផលខាងលើនេះ៕
Sign up here with your email
Conversion Conversion Emoticon Emoticon