សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)គ្រោងនឹងបោះពុម្ពសំបុត្រជាង៥ម៉ឺនសន្លឹកសម្រាប់លក់ចូលទស្សនាការប្រកួតជម្រុះ World Cup រវាងកម្ពុជា និង សិង្ហបុរី នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
លោក សៅ សុខារ៉ានាថ ប្រធានផ្នែកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទម្លាយឲ្យដឹងថា សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកជុំទីពីររបស់កម្ពុជាដែលធ្វើម្ចាស់ផ្ទះទទួលក្រុមភ្ញៀវសិង្ហបុរីនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ សហព័ន្ធគ្រោងបោះពុម្ពសំបុត្រជាង៥ម៉ឺនសន្លឹកសម្រាប់លក់ចូលទស្សនា។
លោកនិយាយថា ៖«ចំពោះតម្លៃយើងមិនទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែសម្រាប់ចំនួនវិញគឺខ្ញុំអាចប្រាប់បាន។ យើងគ្រោងបោះពុម្ពសំបុត្រសម្រាប់ចូលទស្សនាដែលកន្លែងទស្សនានៅផ្នែកខាងជើង ខាងត្បូង និងខាងកើត ពហុកីឡដ្ឋានជាតិអូឡាំពិកចំនួន៥ម៉ឺនសន្លឹក ហើយសម្រាប់កន្លែងអង្គុយមានដំបូលប្រហែលជាជិត៥ពាន់សន្លឹកដែរ ព្រោះកន្លែងអង្គុយមានដំបូល កាលពីមុនមិនដាក់កៅអីអាចដាក់ទស្សនាបាន៥ពាន់នាក់ តែពេលនេះដាក់កៅអីហើយ អីចឹងអាចអង្គុយបានប្រហែលជាង៤ពាន់នាក់ប៉ុណ្ណោះ»។ ទោះជាយ៉ាងណា ប្រធានទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះមិនបានបង្ហាញឲ្យដឹងពីប្រភេទសំបុត្រ និងតម្លៃនោះទេ។
នេះជាចំនួនមួយដ៏ច្រើនសម្រាប់វិស័យបាល់ទាត់កម្ពុជាដែលលក់សំបុត្រចូលទស្សនា បើប្រៀបធៀបនឹងចំនួនធ្លាប់លក់កន្លងមក។ កាលជម្រុះបាល់ទាត់ពិភពលោកជុំទីមួយរវាងក្រុមកម្ពុជា និងកោះម៉ាកាវ សហព័ន្ធបានបោះពុម្ពសំបុត្រជិត១ម៉ឺនសន្លឹក និងលក់ដាច់អស់ដែលពេលនោះតម្លៃសំបុត្រមាន២ម៉ឺនរៀល ១៥ពាន់រៀល និង១ម៉ឺនរៀល។
ចំពោះការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងឡាវនៅថ្ងៃទី២ ខែមិថុនាខាងមុខនេះ នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា សហព័ន្ធក៏បានសម្រេចលក់សំបុត្រដោយតម្លៃខ្ពស់រហូតដល់២ម៉ឺនរៀល ១៥ពាន់រៀល ១ម៉ឺនរៀល និង៥ពាន់រៀល៕
អត្ថបទ៖ ជាន ចាន់រ៉ា
Sign up here with your email
Conversion Conversion Emoticon Emoticon