លោក Carlo Ancelotti ត្រូវបានក្លិប Real Madrid បណ្ដេញចេញពីតំណែងអ្នកចាត់ការហើយ ក្រោយដឹកនាំក្លិបយក្សអេស្ប៉ាញមួយនេះបាន២រដូវកាល។
លោក Carlo Ancelotti
លោក Florentino Perez ប្រធានក្លិប Real បានប្រាប់ក្នុងសន្និសីទកាសែតថា៖ “វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ។ តើ Ancelotti ធ្វើអ្វីខុស? ខ្ញុំក៏មិនដឹងនោះទេ តែតម្រូវការនៅ Real Madrid គឺខ្ពស់ខ្លាំងណាស់។ ក្ដីស្រលាញ់របស់អ្នកគាំទ្រ និងកីឡាករ ចំពោះ Carlo គឺដូចជាក្ដីស្រលាញ់របស់ខ្ញុំចំពោះគាត់ដូចគ្នា”។
Ancelotti បានជួយឲ្យ Real ឲ្យឈ្នះពាន Copa del Rey, UEFA Super Cup, FIFA Club World Cup និងជួយឲ្យក្លិបនេះលើកពាន UEFA Champions League ជាលើកទី១០ក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប កាលពីរដូវកាលដំបូងរបស់ខ្លួន។ ប៉ុន្តែសម្រាប់រដូវកាលដែលទើបបញ្ចប់ថ្មីៗនេះវិញ ក្រុមជោគជ័យបំផុតនៅអឺរ៉ុបមួយនេះ មិនបានពានអ្វីនោះទេ ដោយត្រូវ Juventus ទម្លាក់ចេញពី Champions League បានលេខ២នៅ La Liga ដោយចាញ់ក្រុមជើងឯក Barcelona ២ពិន្ទុ។
ប្រធានក្លិប Real លោក Florentino Perez
គិតទាំងអ្នកចាត់ការអ៊ីតាលី វ័យ៥៥ឆ្នាំនេះ ប្រធានក្លិប Real បានបណ្ដេញអ្នកចាត់ការអស់៩នាក់ហើយ ក្នុងរយៈពេលត្រឹម១២ឆ្នាំចុងក្រោយ។ សម្រាប់តំណែងអ្នកចាត់ការថ្មី មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្លិបនឹងប្រកាសនៅសប្ដាហ៍ក្រោយ។ ពាក្យចចាមអារ៉ាមកន្លងមក គឺអ្នកចាត់ការ Rafael Benitez របស់ Napoli អាចចូលមកកាន់តំណែងនេះ ខណៈលោក Jurgen Klopp ដែលទើបចាកចេញពី Dortmund ក៏ត្រូវបានគេគិតថាអាចចូលកាន់តំណែងនេះដែរ។
សម្រាប់ប្រិយមិត្តវិញ តើយល់ស្របការសម្រេចចិត្តបណ្ដេញលោក Ancelotti ដែរឬទេ? តើអ្នកចាត់ការរូបណា នឹងចូលមកអង្គុយកៅអីដ៏ក្ដៅដែលកំពុងទំនេរនេះ?
ចុចអាន៖ Real Madrid និង Inter Milan ជាក្លិបយក្សនៅអឺរ៉ុប ដែលផ្ដល់ជំនួយមនុស្សធម៌មកកម្ពុជា
ដោយ៖ សុវត្ថិ
ប្រភព៖ bbc
Sign up here with your email
Conversion Conversion Emoticon Emoticon