១៦​ឆ្នាំ​ចុង​ក្រោយ​នេះ Real ​​​ផ្លាស់​ប្ដូរ​អ្នក​​ចាត់​ការ​ល្បី​ៗ​១២​រូប

Real Madrid ​ជា​ក្លិប​ធំ​មួយ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ច្រើន​ជាង​គេ បាន​១០​សម័យ​កាល​មក​ហើយ ខណៈ​ដែល​ក្លិប​យក្ស​មួយ​នេះ​ក៏​ជា​ក្លិប​ដែល​មាន​ទឹក​ប្រាក់​នៅ​ក្នុង​ដៃ​ច្រើន​ជាង​ក្លិប​ដទៃ​ទៀត​ផង​ដែរ។ ដោយសារ​តែ​មាន​ឥទ្ធិពល​ខ្លាំង ​និង​មហិច្ឆតា​ខ្ពស់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​មួយ​ចំនួន​ឱ្យ​តែ​មក​ដឹក​នាំ​ក្រុម​នេះ តែងតែ​មាន​សម្ពាធ​ការងារ  ពោល​គឺ​ឱ្យ​តែ​មិន​អាច​ជួយ​ក្រុម​លើក​ពាន​បាន​ ដឹង​តែ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ ឬ​លា​ឈប់​ខ្លួន​ឯង​តែ​ម្ដង។

តួយ៉ាង​ដូច​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ ក្លិប​ម្ចាស់​ពាន​រង្វាន់ La Liga ​៣២​សម័យ​កាល​មួយ​នេះ​បាន​​ផ្លាស់​ប្ដូរ​​អ្នក​ចាត់​ការ​ល្បី​ៗ​ដល់​ទៅ​១២​រូប​មក​ហើយ៖

១. លោក Vicente del Bosque (​ខែ​វិច្ឆិកា ១៩៩៩ ដល់​ខែ​មិថុនា ២០០៣)

Vicente del Bosque

លោក Vicente del Bosque ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ចាត់​ការ​ជោគជ័យ​ម្នាក់​នៅ​ក្រុម Real Madrid ​ដោយ​អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ La Liga ​២​ដង , Spanish Super Cup ​១​ដង , Copa del Rey ​១​ដង , UEFA Champions League ​២​ដង , UEFA Super Cup ​១​ដង​និង​ FIFA Club World Cup ​១​ដង។

២. លោក Carlos Queiroz (មិថុនា ២០០៣ ដល់ ឧសភា ២០០៤)

Carlos Queiroz

លោក Carlos Queiroz ​ជា​អ្នក​មក​ជំនួស​លោក Vicente del Bosque ​នៅ​ក្លិប Real Madrid ​នៅ​ឆ្នាំ​២០០៣។ ដោយ​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​តែ​មួយ Spanish Super Cup ​រូប​លោក​បាន​ដឹក​នាំ​ក្រុម​នេះ​តែ​១១​ខែ​ទេ ក៏​ត្រូវ​គេ​បណ្ដេញ​ចេញ​ទៀត។

៣. លោក Jose Antonio Camacho (ខែ​ឧសភា ២០០៤ ដល់ តុលា​២០០៤)

Jose Antonio Camacho

លោក Jose Antonio Camacho ​ជា​អ្នក​ដឹក​នាំ​ក្រុម Real Madrid ​បាន​តិច​ជាង​គេ ពោល​គឺ​ត្រឹម​តែ​៦​ប្រកួត​ដំបូង​លោក​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ និង​ក្លិប​រិះគន់​ច្រើន​ពេក ក៏​សម្រេច​ចិត្ត​លា​ឈប់​តែ​ម្ដង។ ហើយ​៦​ប្រកួត​ដំបូង​នោះ គឺ​ឈ្នះ​៤​ និង​ចាញ់២។

៤. លោក Mariano Garcia Remon (តុលា ២០០៤ ដល់ ធ្នូ ២០០៤)

Mariano Garcia Remon

លោក Mariano Garcia Remon ​បាន​ឡើង​មក​កាន់​តំណែង​ជំនួស​លោក  Jose Antonio Camacho ​បាន​តែ​៣​ខែ​ទេ ក៏​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ទៀត ដោយ​កាល​នោះ​មាន​ទំនាស់​នៅ​ក្នុង​ក្រុម។ ហើយ​រយៈ​ពេល​៣​ខែ​នេះ​ដែរ លោក​ដឹក​នាំ​ក្រុម​បាន​២០​ប្រកួត ឈ្នះ​បាន​១២​ដង។

៥. លោក Vanderlei Luxemburgo (ខែ​ធ្នូ ២០០៤ ដល់​ខែ​ធ្នូ ២០០៥)

luxemburgo

លោក Vanderlei Luxemburgo បាន​មក​ដឹក​នាំ​ក្រុម Real Madrid ​បាន​ពាក់​កណ្ដាល​រដូវ​កាល​ដែរ បន្ទាប់​ពី​លោក Mariano Garcia Remon ។ ហើយ​រដូវ​កាល​នោះ​ដែរ លោក​អាច​ជួយ​ក្រុម Real Madrid ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង La Liga ​។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្លិប​ដេញ​អតីត​អ្នក​ចាត់​ការ​ក្រុម Santos ​រូប​នេះ​ចេញ​គឺ​ដោយសារ​តែ​រូប​លោក​រៀប​ក្បួន​ប្លែក​ពី​គេ​ពេក ៤-២-២-២ ។

៦. លោក Juan Ramon Lopez Caro (ខែ​ធ្នូ ២០០៥ ដល់ ខែ​មិថុនា​ ២០០៦)

Juan Ramon Lopez Caro

លោក Juan Ramon Lopez Caro ​ជា​អ្នក​ចាត់​ការ​ដែល​ត្រូវ​ក្រុម Real Madrid ​បណ្ដេញ​ចេញ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​បាន​ពាក់​កណ្ដាល​រដូវ​កាល​ដែរ ហើយ​ការ​ប្រកួត​ពាក់​កណ្ដាល​រដូវ​កាល​នោះ គឺ​លោក​ដឹក​នាំ​ក្រុម​ឈ្នះ​រហូត ប៉ុន្តែ​ដោយសារ​តែ​ក្លិប​មិន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​លោក​ក៏​បណ្ដេញ​ចេញ​ទៅ។

៧. លោក Fabio Capello (​កក្ដដា ២០០៦ ដល់ ​មិថុនា ២០០៧)

Fabio Capello

លោក Fabio Capello ​ជា​អ្នក​ចាត់​ការ​ដែល​ជួយ​ក្រុម Real Madrid ​បាន​ច្រើន​ដែរ ប៉ុន្តែ​ដោយសារ​តែ​ទម្រង់ការ​ពារ​របស់​លោក​មិន​ត្រូវ​ចិត្ត​អ្នក​គាំទ្រ ​និង​ម្ចាស់​ក្លិប ក៏​ត្រូវ​បណ្ដេញ​ចេញ​ទៅ។

៨. លោក Bernd Schuster (កក្កដា ២០០៧ ដល់ ធ្នូ ២០០៨)

Bernd Schuster

លោក Bernd Schuster ​ជា​អ្នក​ចាត់​ការ​ម្នាក់​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន La Liga ​និង Spanish Super Cup ​នៅ​ឆ្នាំ​២០០៨។ ប៉ុន្តែ​ដោយសារ​លោក ដឹក​នាំ​ក្រុម​ប្រកួត​ចាញ់​៣​ប្រកួត​ក្នុង​៤​ប្រកួត​ចុង​ក្រោយ​ក៏​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​តែ​ម្ដង។

៩. លោក Juande Ramos (ធ្នូ ២០០៨ ដល់ មិថុនា ២០០៩)

Juande Ramos

លោក Juande Ramos ​បាន​មក​ដឹក​នាំ​ក្រុម Real Madrid ​មួយ​រដូវ​កាល ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​លើក​ពាន​អ្វី​បាន​ក៏​ត្រូវ​ក្លិប​ដេញ​ចេញ​។ បញ្ចប់​រដូវ​កាល​ដោយ​ចាញ់​ពិន្ទុ​ក្រុម Barcelona ​៩​ពិន្ទុ។

១០. លោក Manuel Pellegrini (មិថុនា ២០០៩ ដល់ ឧសភា ២០១០)

3jdmanualpel26

ក្រោម​ការ​ដឹក​នាំ​របស់​លោក  Pellegrini ក្រុម Real Madrid ​បាន​បញ្ចប់​រដូវ​កាល​ដោយ​មាន​ពិន្ទុ​៩៦​ពិន្ទុ​ក្នុង​ដៃ ប៉ុន្តែ​នៅ​តែ​មិន​អាច​លើក​ពាន La Liga ​បាន​ដដែល ដោយសារ​តែ​ចាញ់​ក្រុម Barcelona ​មាន​៩៩​ពិន្ទុ​ក្នុង​ដៃ។ បុរស​សញ្ជាតិ​ឈីលី​រូប​នេះ​ត្រូវ Real ​បណ្ដេញ​ចេញ បន្ទាប់​ពី​ក្រុម​មើល​ឃើញ Jose Mourinho ​ល្អ​ជាង។

១១. លោក Jose Mourinho (ឧសភា ២០១០ ដល់ មិថុនា ២០១៣)

2jdjose26

លោក Jose Mourinho ​ជា​អ្នក​ដឹក​នាំ​ក្រុម Real Madrid ​បាន​យូរ​គួរ​សម​ដែរ ដោយ​អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga  ​១​ដង , Copa del Rey ​១​ដង​និង​ Spanish Super Cup ​១​ដង។ អតីត​អ្នក​ចាត់​ការ​ក្រុម Porto ​រូប​នេះ​ចាកចេញ​ពី Real ​នៅ​ឆ្នាំ​២០១៣។

១២. លោក Carlo Ancelotti (មិថុនា ២០១៣ ដល់ ឧសភា ២០១៥)

1jdcarrlo26e

លោក Carlo Ancelotti ​ជា​អ្នក​ដឹក​នាំ​ក្រុម Real Madrid ​លើក​ពាន​៤​ក្នុង​រដូវ​កាល​មុន Copa del Rey , UEFA Super Cup , UEFA Champions League ​និង FIFA Club World Cup ។ ប៉ុន្តែ​ដោយសារ​តែ​មិន​អាច​ជួយ​ក្រុម​លើក​ពាន​អ្វី​មួយ​សោះ​ រដូវ​កាល​នេះ​ទើប​ត្រូវ​បាន​ប្រធាន​ក្លិប​បណ្ដេញ​លោក​ចោល៕
ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ straitstimes
Previous
Next Post »