Man Utd ​ត្រៀម​លុយ​ជាង​ ១០៤​លាន​​ដុល្លារ​ទិញ Ronaldo ​ពី Real ​មក​វិញ

ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​ផ្ដល់​ដំណឹង​មក​ថា​បាន​ត្រៀម​លុយ​៦៦,៥​លាន​ផោន (ប្រហែល​​១០៤​លាន​ដុល្លារ)​ ​រួច​ជា​ស្រេច​​ក្នុង​ការ​ដាក់​ស្នើ​តម្លៃ​ខ្លួន​កីឡាករ Cristiano Ronaldo ​ពី​ក្លិប Real Madrid ​មក​ Old Trafford ។

Untitled-1
Ronaldo កាល​លេង​នៅ​ Man Utd

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា បិសាច​ក្រហម​នឹង​ស្នើ​តម្លៃ​ខ្លួន​ Ronaldo ​ចំនួន​៦៦,៥​លាន​ផោន​ទៅ Real Madrid ​ដើម្បី​អាច​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​ Man Utd ​វិញ​បាន​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។ មូលហេតុ​ដែល​ជំរុញ​ចិត្ត​លោក Louis van Gaal ​ហ៊ាន​ដាក់​ដេញ​ថ្លៃ​ទិញ​កំពូល​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​មក​វិញ​​គឺ​ដោយសារ​តែ​បច្ចុប្បន្ន​នៅ​អេស្ប៉ាញ​មាន​រឿង​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​មិន​ពេញ​ចិត្ត​ដូចជា៖

ទី​១: Real Madrid ​បាន​បណ្ដេញ​អ្នកចាត់ការ Carlo Ancelotti ដោយ​គ្រាន់​តែ​លោក​មិន​អាច​ជួយ​ក្រុម​លើក​ពាន​អ្វី​បាន​កាល​ពី​រដូវ​កាល​មុន ខណៈ​ដែល​រដូវ​កាល​២០១៣-២០១៤ ​បុរស​វ័យ​៥៦​ឆ្នាំ​រូប​នេះ​ជួយ​ក្លិប​លើក​ពាន​ដល់​ទៅ​៤​ក៏​ដោយ។

ទី​២: អ្នក​ចាត់​ការ​ថ្មី Rafa Benitez ​បាន​និយាយ​ថា​ Gareth Bale ​នឹង​ក្លាយ​ជា​តួ​ឯក​នៅ Real Madrid ​មិន​មែន​ជា Ronaldo ​ទៀត​ទេ ពោល​គឺ​ទម្រង់​ថ្មី​នៅ​រដូវ​កាល​ក្រោយ​នឹង​ដាក់​ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៣​សម័យ​រូប​នេះ​ទៅ​លេង​តំបន់​ប្រយុទ្ធ​ជំនួស Benzema ​វិញ។

ទី​៣: ម្ចាស់​ក្លិប Real Madrid ​ចង់​លក់​កីឡាករ​សំខាន់​២​នាក់​នៅ​ក្នុង​ក្រុមគឺ​អ្នក​ចាំ​ទី Iker Casillas ​និង​ខ្សែ​ការពារ​ Sergio Ramos ​ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​នាក់​នេះ​សុទ្ធតែ​លេង​នៅ​អធិរាជ​ស​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

រឿង​៣​យ៉ាង​ខាង​លើ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​អន្ទង​ចិត្ត​បុរស​កូន​មួយ​ខាង​លើ​ឱ្យ​មក​​លេង​នៅ​អង់គ្លេស​វិញ។

Ronaldo ​បច្ចុប្បន្ន​ជា​កីឡាករ​សំខាន់​ម្នាក់​របស់ Real Madrid ​ដែល​អាច​រក​គ្រាប់​បាល់​បាន​៣១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០០​ប្រកួត (គិត​ចាប់​តាំង​ពី​ចូល Real ​នៅ​ឆ្នាំ​២០០៩)។ ចំនួន​គ្រាប់​បាល់​នេះ​ ​បាន​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​២​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ម្ចាស់​ជើង​ឯក UEFA Champions League ​១០​សម័យ​មួយ​នេះ​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០០៩ អតីតយុវជន​របស់ Sporting ​ខាង​លើ​នេះ​ផ្លាស់​ពី Man Utd ​ទៅ Real Madrid ​ក្នុងតម្លៃ​ខ្លួន​ ៨០​លាន​ផោន ​ដែល​តម្លៃ​​នេះ​កាល​នោះ​គឺ​ជា​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៕

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ soccerladuma
Previous
Next Post »