គ្រូ​អាហ្វហ្គានីស្ថាន​​​ថា​ យក​​៣ពិន្ទុ​​ដាច់​ខាត ឯ​គ្រូ​​​កម្ពុជា​នៅ​​តែ​បារម្ភ

លោក Slaven Skeledzic គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ ​អាហ្វហ្គានីស្ថាន​​ បាន​លើក​ឡើង​ថា ​ក្រុម​របស់​លោ​ក​មក​កម្ពុជា​​ត្រូវ​តែ​​យក​ ៣ ពិន្ទុ​ដាច់​ខាត ​ស្រប​ពេល​គ្រូ​បង្វឹក​កម្ពុជា​លោក Ohara នៅ​មាន​​ការ​ព្រួយ​បារម្ភ​​​សម្រាប់​​ជំនួប​​កូន​ក្រុម​របស់​លោក​ទទួល​ភ្ផៀវ​ក្រុម​​អាហ្វហ្គានីស្ថាន​​​វេលា​​ម៉ោង ៦ :៣០ នាទី​យប់​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​​​​ក្នុង​វគ្គ​ជម្រុះ​​​បាល់ទាត់​​ពិភព​លោក​​​ឆ្នាំ​ ២០១៨​នៅ​ប្រទេស​រុស្សី ។

Press Conf-1
លោក Slaven Skeledic

លោក Slaven Skeledzic បាន​​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​​ព្រឹក​ថ្ងៃ​ ច័ន្ទ​ ម្សិល​មិញ​ថា ​ក្រុម​របស់​លោក​មក​កម្ពុជា​ដើម្បី​យក៣​ពិន្ទុ​​ប្រជែង​នឹង​ក្រុម​ដទៃ​ដែល​នៅ​ក្នុង​ពូល E ឡើង​ទៅ​វគ្គ​បន្ត។  របៀប​នៃ​ការ​លេង​របស់​កម្ពុជា​មាន​ភាព​រហ័ស​នៅ​តំបន់​ប្រយុទ្ធ​ដូច​នេះ ​កូន​ក្រុម​របស់​លោក​នៅ​តំបន់​ការ​ពារ​ត្រូវ​នៅ​ឲ្យ​បាន​ជិត​ៗ គ្នា​ដើម្បី​ការ​ពារ​បាល់​​ពេល​ក្រុម​កម្ពុជា​គ្រប់គ្រង​បាល់​នៅ​មុខ​​ទី​របស់​ពួកគេ ហើយ​ព្យាយាម​វាយ​បក​ឲ្យ​មាន​ប្រសិទ្ធភាព​​បំផុត។

​លោក​បាន​បន្ត​ថា ​ក្រុម​របស់​លោក​នឹង​​ផ្លាស់ប្ដូរ​កីឡាករ​ឆ្នើម​ៗ មួយ​ចំនួន​​​ដែល​ទើប​​ជា​ពី​របួស​ឲ្យ​ចូល​លេង​​​វិញ​ក្នុង​​ការ​ប្រកួត​​ដ៏​សំខាន់​នេះ​ ខណៈ​កាល​ជំនួប​ជាមួយ​ស៊ីរី​បាន​ខក​ខាន​ឱកាស​ម្ដង​ហើយ​ ពី​ព្រោះ​​បញ្ហា​កីឡាករ​សំខាន់​ៗរបួស។ ​​ចំណែក​បញ្ហា​ដ៏​សំខាន់​មួយ​ទៀត​គឺ​សំឡេង​រំខាន​ពី​អ្នក​គាំទ្រ​​ ប្រសិនបើ​មាន​អ្នក​គាំទ្រ​ច្រើន​​​ដូច​ថ្ងៃ​កម្ពុជា​ប្រកួត​ជា​មួយ​សិង្ហបុរី លោក​ព្រួយ​ថា​ មិន​អាច​បញ្ជា​កូន​ក្រុម​របស់​លោក​​ពេល​កំពុង​ប្រកួត​ឲ្យ​ធ្វើ​អ្វី​​តាម​ការ​គ្រោង​ទុក​របស់​លោក​​បាន​ល្អ។

​លោក Slaven Skeledzic  ​បាន​និយាយ​ថា ៖« ពួក​យើង​មក​កម្ពុជា​ដើម្បី​យក ៣​ ពិន្ទុ​ ដូច​នេះ​មិន​អាច​ស្មើ​ឡើយ ហើយ​ក្រុម​របស់​ខ្ញុំ​នឹង​​ធ្វើ​ឲ្យ​បាន​»។ លោក​​បន្តថា​ ក្រុម​របស់​លោក ​និង​ក្រុម​កម្ពុជា​ពិត​ជា​មិន​អាច​​​មាន​គ្រាប់​បាល់​ច្រើន​ឡើយ​​​គឺ​ច្រើន​​បំផុត​ត្រឹម​លទ្ធផល ២-១ ឬ ២-០​​ ប៉ុណ្ណោះ​ ព្រោះ​​ក្រុម​ទាំង​ពី​ក្ដោប​សំខាន់​ត្រង់​ការ​ការពារ​។ ​​

​ជាមួយ​គ្នា​នោះ​លោក Kazunori Ohara ​គ្រូ​បង្គោល​​ជម្រើស​ជាតិ​កម្ពុជា​ក៏​​បាន​លើក​ឡើង​ដែរ​ថា​ ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​ដោយ​​ជ្រើស​រើស​​យក​កីឡាករ​​ពី​ក្រុម​​ U-23 ​មួយ​ចំនួន​មក​ជួយ​​ក្រុម​។ ​​​ការ​ដាក់​បញ្ចូល​កីឡាករ​​ពី​ក្រុម​ U -23 ​លាយ​ចូល​ជា​មួយ​​ឈុត​ធំ​​នេះ​​ធ្វើ​ឲ្យ​លោក​​កើត​ការ​ព្រួយ​បារម្ភ​ថា ​ពួក​គេ​មិនអាច​លេង​ស៊ីចង្វាក់​គ្នា​​ល្អ ​ពី​​ព្រោះ​ពួក​គេ​ហ្វឹកហាត់​ជា​មួយ​គ្នា​មាន​រយៈពេល​ខ្លី​ពេក។
 
ទោះ​បី​ជា​យ៉ាង​ណា កីឡាករ គួច សុកុម្ភៈ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាន​និយាយ​ថា ពួក​គេ​គ្មាន​បារម្ភ​រឿង​លេង​មិន​ល្អ​ជា​មួយ​សមាជិក​ខ្លះ​ពី​ឈុត U-23 ឡើយ ពីព្រោះ​ពួក​គេ​ធ្លាប់​ហ្វឹកហាត់ និង​លេង​ជា​មួយ​គ្នា​ជា​ច្រើន​មក​ហើយ ហើយ​ពួក​គេ​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព៕
Press Conf
លោក Kazunori Ohara

​​ខាង​ក្រោម​ជា​វីដេអូ​​សម្ដី​របស់​គ្រូ​បង្វឹក​ទាំង​ពីរ ៖



អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​​
ប្រពភពី ៖ Sabay
Previous
Next Post »