ជំងឺ​ប្រភេទ​ថ្មី​គ្មាន​ថ្នាំ​ព្យាបាល​កំពុង​រីក​រាល​ដាល​នៅ​កូរ៉េ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គា​នេះ​ថា ប្រទេស​កូរ៉េខាងត្បូង​អាច​នឹង​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ MERS បន្ត​ទៅ​ទៀត ខណៈ​អ្នក​ស្លាប់​មាន​ពីរ​នាក់ ដោយសារ​គ្មាន​ថ្នាំ​ព្យាបាល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន USA Today។

2

​​មេរោគ (MERS) មាន​ពាក្យ​ពេញ “Middle East Respiratory Syndrome” មាន​ន័យ​ថា “មេរោគ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា”។ មេរោគ​ដ៏​កំណាច​នេះ មាន​ប្រភព​ផ្ទុះ​ឡើង​ដំបូង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ចំណែក​ករណី​ទី​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ​វិញ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​កន្លង​ទៅ។

​​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters របស់​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល អះអាង​ពី​ករណី​នៃ​ការ​ឆ្លង​​មេរោគ ៥​នាក់​ថ្មី​ទៀត​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​កើន​ឡើង​រហូត​ដល់ ៣០​នាក់ ជា​ការ​ផ្ទុះ​ឡើង​ធំ​បំផុត​នៅ​ក្រៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​​
​​
ប្រទេស​កូរ៉េខាងត្បូង បាន​ដាក់​មនុស្ស ៧៥០​នាក់​ឲ្យ​នៅ​ដាច់​ពី​គេ បន្ទាប់​ពី​ក្រុម​មនុស្ស​ទាំង​នេះ​បាន​ទាក់​ទង​ជា​មួយ​អ្នក​មាន​ផ្ទុក​មេរោគ។ នៅ​ថ្ងៃ​នេះ អាជ្ញាធរ​បាន​សម្រេច​ចិត្ត​បិទ​ទ្វារ​សាលា​ចំនួន​៧០០ បណ្ដោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល។

ករណី​ទី​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​កើត​ទៅ​លើ​បុរស​វ័យ ៦៨​ឆ្នាំ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​បណ្ដា​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា លោក​បាន​ទទួល​ការ​ពិនិត្យ​ពី​សេវា​ព្យាបាល ២​កន្លែង និង​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ២ ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា បុរស​ចំណាស់​នោះ មិន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឡើយ ដោយ​សារ​លោក​​មិន​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​មេរោគ។ នៅ​ពេល​កំពុង​ទទួល​ការ​ព្យាបាល មាន​មនុស្ស​ជា​ច្រើន​ដែល​ប៉ះ​ពាល់​ជា​មួយ​បុរស​ចំណាស់​នោះ ដូច​ជា​​បុគ្គលិក​ពេទ្យ អ្នក​ជំងឺ និង​អ្នក​ទៅ​សួរ​សុខ​ទុក្ខ​ជា​ដើម។
​​​​
4
រូបភាព 3D បង្ហាញ​ពី​រូបរាង​មេរោគ MERS​

មេរោគ​ផ្លូវ​ដង្ហើម MERS អាច​រីក​រាល​ដាល​បាន​យ៉ាង​ស្រួល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នេះ​កាន់​តែ​ឆាប់​រហ័ស នៅ​ពេល​អ្នក​ជំងឺ​ចាប់​ផ្ដើម​ចុះ​ខ្សោយ និង​ក្អក​កាន់​តែ​ច្រើន។ នេះ​បើ​តាម​​លោក Michael Osterholm ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​គោលនយោបាយ​និង​ការ​ស្រាវជ្រាវ​ជំងឺ​ឆ្លង Center for Infectious Disease Research and Policy នៃ​សាកលវិទ្យាល័យ Minnesota និយាយ​ប្រាប់​សារព័ត៌មាន USA Today។

​រោគសញ្ញា​នៃ​មេរោគ MERS គឺ ក្អក គ្រុន មាន​ដង្ហើម​ខ្លីៗ និង​អាច​ឈាន​ទៅ​ដល់​រលាក​សួត និង​ខូច​ក្រលៀន។ ដោយសារ MERS ជា​ជំងឺ​ប្រភេទ​ថ្មី ដែល​កើត​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ឆ្នាំ​២០១២ មាន​វេជ្ជបណ្ឌិត​តិច​តួច​ណាស់​បាន​ស្គាល់។ បច្ចុប្បន្ន ពុំ​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ​ទេ៕

3

1


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Sabay
Previous
Next Post »