មេរោគ MERS ជំងឺប្រភេទថ្មីគ្មានថ្នាំព្យាបាលកំពុងវាយប្រហារនៅប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យមនុស្ស៤នាក់បានស្លាប់រួចហើយ បង្កឲ្យប្រជាជនកូរ៉េទាំងអស់ព្រួយបារម្ភយ៉ាងខ្លាំង។ និស្សិតខ្មែរដែលរៀននៅកូរ៉េក៏មានការភ័យខ្លាចខ្លាំងដែរ ប៉ុន្តែពួកគេថា ទោះជំងឺនេះកំពុងរាតត្បាតយ៉ាងសាហាវក៏ដោយ ក៏ពួកគេនៅតែមិនអាចវិលត្រលប់មកកម្ពុជាបាននោះដែរ។
“ខ្ញុំពិតជាខ្លាចខ្លាំងមែន បន្ទាប់ពីសារព័ត៌មានជាច្រើនបានផ្សាយថា វានឹងអាចរីករាលដាលកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយជំងឺនេះឆាប់ឆ្លងពីគ្នាណាស់។ មានពេលខ្លះខ្ញុំចង់វិលទៅខ្មែរវិញ តែខ្ញុំមិនអាចធ្វើបានទេ ព្រោះខ្ញុំរៀនឆ្នាំទី៤នៅទីនេះហើយ។ ម្យ៉ាងទៀតខ្ញុំត្រូវប្រលងបញ្ចប់នៅ អាទិត្យក្រោយទៀត”។ នេះបើតាម កញ្ញា ស៊ៀប សុម៉ាលី និស្សិតអាហារូបករណ៍សិក្សានៅកូរ៉េ ប្រាប់ Sabay។
និស្សិតជំនាញវិស្វកម្មស្ថាបត្យកម្ម ឆ្នាំទី៤ បន្តថា ចំពោះតំបន់ Incheon ដែលកញ្ញារស់នៅជំងឺនេះមិនទាន់រាតត្បាតដល់នៅឡើយទេ ដូច្នេះហើយអ្នករស់នៅកូរ៉េមួយចំនួនពាក់ម៉ាស តែខ្លះមិនពាក់ឡើយ។ តែកញ្ញា ជឿជាក់ថា មិនយូរទេ ពួកគេនឹងពាក់ទាំងអស់គ្នាមិនខាន។
ចំពោះ ញឹម ចន្ទបុរី និស្សិតម្នាក់ទៀតរៀននៅកូរ៉េ ក៏ភ័យខ្លាចនឹងជំងឺថ្មីដែលឆ្លងតាមផ្លូវដង្ហើមនេះដែរ ។ “មេរោគនេះរីករាលដាលលឿនណាស់ មនុស្សជាច្រើនចាប់ផ្ដើមពាក់ម៉ាសនៅពេលចេញក្រៅ។ ម្នាក់ៗមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវានៅមិនទាន់មានថ្នាំព្យាបាល ហើយសម្លាប់មនុស្សអស់៤នាក់យ៉ាងឆាប់រហ័ស”។
យុវជនដែលមានស្រុកកំណើតនៅភ្នំពេញ កំពុងបន្តការសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសកូរ៉េ បន្តថា ដោយសារតែមេរោគនេះកាចសាហាវពេក ក្រុមគ្រួសារលោក ព្រួយបារម្ភនិងទទូចចង់ឲ្យត្រលប់មកខ្មែរវិញ ប៉ុន្តែខ្លួនពិតជាមិនទាន់អាចវិលមកស្រុកខ្មែរបានទេ ដោយសារជាប់រៀនសូត្រនៅទីនេះ។
មេរោគ (MERS) មានពាក្យពេញ “Middle East Respiratory Syndrome” មានន័យថា “មេរោគផ្លូវដង្ហើមមជ្ឈឹមបូព៌ា”។ មេរោគដ៏កំណាចដោយសារគ្មានថ្នាំព្យាបាលនេះ មានប្រភពផ្ទុះឡើងដំបូងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងនេះវិញ បានឆក់យកជីវិតមនុស្ស៤នាក់ បន្ទាប់ពីរីករាលដាលយ៉ាងឆាប់រហ័សកាលពីចុងខែឧសភា៕
អត្ថបទ៖ លឹម សុនា
ប្រភពពី៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon