សហព័ន្ធបាល់ទាត់កម្ពុជា( FFC ) បានលក់សំបុត្រអស់ប្រហែល ៥០០០ សន្លឹកប៉ុណ្ណោះគិតត្រឹមប្រហែលម៉ោង៤ម្សិលមិញ សម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះ World Cup រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ សិង្ហបុរី នាវេលាម៉ោង ៦:៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
លោក សុខា រ៉ានាថ ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈនៅសហព័ន្ធបាល់ទាត់កម្ពុជាបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៥ នេះ សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ក្នុងវគ្គជម្រុះ World Cup រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង សិង្ហបុរី បានលក់អស់ប្រមាណ ៥០០០ សន្លឹកហើយ ។ សំបុត្រដែលអាចចូលទស្សនាការប្រកួតថ្ងៃខាងមុខនេះ មិនអនុញ្ញាតឲ្យមានការទិញតគ្នា ឬមានការលក់ដូរនៅកន្លែងផ្សេង ក្រៅពីនៅពហុកីឡដ្ឋានជាតិអូឡាំពិកឡើយ ព្រោះជៀសវាងពេលស្កេនសំបុត្រចូលមើលការប្រកួតម៉ាស៊ីនស្កេនមិនស្គាល់ម្ចាស់សំបុត្រ។ ប្រសិនបើមានហេតុការបែបនេះ សហព័ន្ធបាល់ទាត់មិនទទួលខុសត្រូវឡើយ ។
លោកបានបញ្ជាក់ថា ការប្រកួតរវាងកម្ពុជានិងសិង្ហបុរី នេះនឹងពង្រឹងផ្នែកសណ្ដាប់ធ្នាប់បន្ថែមទៀតមិនឲ្យមានការឆ្លងកាត់ហួសដែនកំណត់នៃតម្លៃសំបុត្រឡើយ។ ចំណែកការលេចឮថា មានអ្នកចូលមើលការប្រកួតក្នុងតង់ទីពីរដោយមិនចំណាយការទិញសំបុត្រកាលពីប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិឡាវនោះ នឹងមិនមានជាដាច់ខាតសម្រាប់ការប្រកួតថ្ងៃខាងមុខនេះ។
ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងរូបនេះបានលើកឡើងទៀតថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ជម្រុះ World Cup រវាងក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិសិង្ហបុរី បានត្រៀមចំនួន ៥៥០០០សន្លឹក។ ចំពោះតម្លៃសម្រាប់ទស្សនាមាន៤ប្រភេទគឺប្រភេទទី១: តម្លៃ៣ម៉ឺនរៀល ប្រភេទទី២តម្លៃ២ម៉ឺនរៀល ប្រភេទទី៣តម្លៃ១ម៉ឺនរៀល និងប្រភេទទី៤តម្លៃ៥ពាន់រៀល។
ទោះជាយ៉ាងណា កាលពីល្ងាចមិញប្រហែលម៉ោង៥ល្ងាច មានមនុស្សជាច្រើនបាននាំគ្នាសម្រុកចូលទៅទិញសំបុត្រ ហើយនៅថ្ងៃនេះ និងថ្ងៃស្អែក អ្នកគាំទ្រកាន់តែច្រើនសម្រុកទៅទិញសំបុត្រ។ ប្រសិនបើអាច អ្នកគាំទ្រគួរនាំគ្នាទៅទិញសំបុត្រពេលនេះឲ្យហើយ ពីព្រោះដល់ថ្ងៃប្រកួតនឹងកាន់តែលំបាកសម្រាប់ការចូលទិញសំបុត្រ។
សំបុត្រចាប់ផ្ដើមលក់កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃប្រកួតគឺទី១១ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រភពរូបភាព៖ FFC
ប្រភពរូបភាព៖ FFC
Sign up here with your email
Conversion Conversion Emoticon Emoticon