ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ Real Madrid, ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich នឹងប៉ះ AC Milan របស់អ៊ីតាលី ក្នុងការប្រកួតពានរង្វាន់លក្ខណៈមិត្តភាព Audi Cup នៅដើមខែសីហាខាងមុខ។
ក្រុមអង់គ្លេស ដែលនៅភាគខាងជើង ទីក្រុងឡុងដុងមួយនេះ នឹងត្រូវប៉ះអតីតកីឡាកររបស់ខ្លួន Gareth Bale ជាលើកដំបូង ចាប់តាំងពីខ្សែបម្រើជម្រើសជាតិវែលរូបនេះ ផ្ទេរទៅកាន់ Real កាលពីឆ្នាំ២០១៣។
ពានរង្វាន់មិត្តភាព Audi Cup ដែលលេងរៀងរាល់២ឆ្នាំម្ដង នៅកីឡដ្ឋាន Allianz Arena (ទឹកដីក្រុម Bayern) និងមានរយៈពេលត្រឹមតែ២ថ្ងៃ នឹងបើកការប្រកួតដំបូង ដោយ Spurs ប៉ះ Real នៅថ្ងៃទី៤ ខែសីហា ខណៈដែលក្រុម Bayern របស់ Pep Guardiola ត្រូវប៉ះ AC Milan នៅថ្ងៃដូចគ្នា នៅម៉ោងបន្ទាប់។ ចំណែកឯការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែសីហា។
អ្នកចាត់ការក្រុម Spurs បានប្រាប់ដល់វិបសាយរបស់ក្លិបថា៖ “Audi Cup នឹងផ្ដល់ឱកាសដល់យើងយ៉ាងអស្ចារ្យ ដោយបានជួបក្រុមកំពូលៗ និងលេងនៅកីឡដ្ឋានដ៏អស្ចារ្យ។ វានឹងក្លាយជាការសាកល្បងជើងកីឡាករដ៏ល្អមួយ ហើយខ្ញុំជឿថា អ្នកគាំទ្ររបស់យើងនឹងរីករាយមិនខាន”។
Audi Cup ដែលបង្កើតឡើងលើកដំបូង នៅឆ្នាំ២០០៩ ក្រុមម្ចាស់ផ្ទះ Bayern លើកពានបាន២សម័យកាលហើយ (២០០៩, ២០១៣) ខណៈដែល Barcelona ឈ្នះបាន១ដង កាលពីឆ្នាំ២០១១៕
ចុះប្រិយមិត្តយល់ថា ក្រុមណានឹងលើកពាន នៅឆ្នាំនេះ?
Sign up here with your email
Conversion Conversion Emoticon Emoticon