គ្រូ​​បង្វឹក​ក្រុម​កម្ពុជា​ និង​សិង្ហបុរី ​​រំពឹង​ធ្វើ​បាន​ល្អ​ដូច​គ្នា​ ជម្រុះ​ World Cup យប់​នេះ​

គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​សុទ្ធ​តែ​​អះអាង​ថា កូន​ក្រុម​របស់​លោក​​នឹង​​ធ្វើ​បាន​ល្អ​ដូច​គ្នា​​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​​ ជើង​ទី​មួយ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​យប់​​​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

 World Cup Press conf-03លោក​ Kazunori Ohara គ្រូ​បង្វឹក​បាល់ទាត់​កម្ពុជា​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ត្រង់​នេះ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ លោក​ Kazunori Ohara គ្រូ​បង្វឹក​បាល់ទាត់​កម្ពុជា​ជន​ជាតិ​ជប៉ុន​បាន​លើក​ឡើង​ថា លោក​រំពឹង​ទុក​ថា​ ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​​យប់​នេះ​​ ពី​ព្រោះ​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។

លោក​ប្រាប់​ថា ៖«យើង​បាន​ត្រៀម​ខ្លួន​ជាង​មួយ​ខែ​ហើយ កីឡាករ​ទាំង​អស់​បាន​​ហ្វឹកហាត់​ជុំ​គ្នា​ និង​យល់​ចិត្ត​គ្នា​បាន​ច្រើន​​​ជាង​មុន។ ទម្រង់​លេង​របស់​យើង​ល្អ​ជាង​មុន យើង​បាន​កែ​លំអ​ចំណុច​ខ្វះ​ខាត​ពេល​ប្រកួត​ជា​មួយ​ឡាវ​ និយាយ​រួម​​លទ្ធផល​ស្មើ​នឹង​ឡាវ និង​ឈ្នះ​មីយ៉ាន់ម៉ា​១-០​ជា​លទ្ធផល​ដែល​ក្រុម​យើង​បាន​ត្រៀម​ខ្លួន​កន្លង​មក»។

ចំណែក​​ គួច​ សុកុម្ភៈ ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​សំណូម​ពរ​ដល់​អ្នក​គាំទ្រ​កម្ពុជា​សូម​​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើក​ទឹក​ចិត្ត និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ក្រុម​កម្ពុជា ហើយ​លោក​បាន​ប្តេជ្ញា​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​នាំ​ជ័យជម្នះ។

សុកុម្ភៈ​និយាយ​ថា ៖«ពួក​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​ជ័យជម្នះ​ជូន​ជាតិ»។

 World Cup Press conf-04លោក​ Bernd Walter Stange គ្រូ​បង្វឹក​ជម្រើស​ជាតិ​សិង្ហបុរី​

ចំពោះ​លោក​ Bernd Walter Stange គ្រូ​បង្វឹក​ជម្រើស​ជាតិ​សិង្ហបុរី​ជន​ជាតិ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ដែរ​ថា កូន​ក្រុម​របស់​លោក​ក៏​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដោយ​ប្រកួត​មិត្ត​ទាំង​​កន្លង​មក​​គឺ​ចាញ់​តែ​ក្រុម​ជម្រើស​ជាតិ​ថៃ​២-០​ប៉ុណ្ណោះ។

លោក​​បាន​បញ្ជាក់​​ថា ថ្វី​បើ​ក្រុម​សិង្ហបុរី​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​កម្ពុជា​២-០ ដោយ​ស្រួល​​ពេល​ប្រកួត​ជម្រុះ​ Suzuki Cup ​កន្លង​មក​ ប៉ុន្តែ​ពេល​នេះ​ក្រុម​កម្ពុជា​​រីក​ចម្រើន​​ច្រើន​ដែល​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ លោក​ថា ៖«យើង​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ ព្រោះ​ក្រុម​កម្ពុជា​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ពិសេស​ថ្មី​ៗ​នេះ ក្រុម​កម្ពុជា​ទើប​តែ​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​១-០។ យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ចំពោះ​តំបន់​ប្រយុទ្ធ​ និង​បម្រើ​របស់​​កម្ពុជា​ឡើយ»។

ទោះ​បី​ជា​យ៉ាង​ណា​ គ្រូ​បង្វឹក​ទាំង​ពីរ​សុទ្ធ​តែ​មិន​ហ៊ាន​អះអាង​ថា​ តើ​ប៉ុន្មាន​ភាគ​រយ​ដែល​កូន​ក្រុម​​របស់​លោក​ទាំង​ពីរ​ទទួល​បាន​ជ័យជម្នះ​នោះ ប៉ុន្តែ​សុទ្ធ​តែ​រំពឹង​ថា ធ្វើ​បាន​ល្អ​ដូច​គ្នា។ ចំពោះ​ជើង​កីឡាករ​វិញ​ គ្រូ​ទាំង​ពីរ​សុទ្ធ​តែ​អះអាង​ថា កូន​ក្រុម​របស់​លោក​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ពោល​គឺ​ពេញ​ជើង​ល្អ​ដូច​គ្នា៕


អត្ថបទ៖ ជាន ចាន់រ៉ា​
ប្រភពពី ៖​ SABAY
Previous
Next Post »