ក្រុមហ៊ុន Apple ចាប់ផ្ដើមការផលិតទូរសព្ទ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដែលនឹងមានអេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ ព្រមទាំងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Force Touch។ នេះបើតាមរបាយការណ៍បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញ។
តាមសារព័ត៌មាន Bloomberg របស់អាមេរិកបានរាយការណ៍មកថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ក្រុមហ៊ុន Apple បានចាប់ផ្ដើមការផលិត iPhone ម៉ូដែលបន្ទាប់ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Force Touch ។
ដំបូង Apple បានដាក់បញ្ចូលបច្ចេកវិទ្យាមួយនេះទៅក្នុងនាឡិកា Apple Watch ។ ក្រោយមកបច្ចេកវិទ្យាមួយនេះបានដាក់បញ្ចូលទៅក្នុង Trackpad របស់កុំព្យូទ័រ Laptop ម៉ូដែល MacBook ទំហំ ១២ អ៊ីញថ្មី។ តែតាមប្រភពបានបង្ហាញថា ចំពោះ iPhone ជំនាន់បន្ទាប់គឺប្រហែលជាដាក់បញ្ចូលនូវបច្ចេកវិទ្យានេះដែរ។
ពាក្យចចាមអារ៉ាមមុនៗបានអះអាងថា Apple នឹងដាក់បញ្ចូល Force Touch ទូរសព្ទ iPhone អេក្រង់ធំគឺ “iPhone 6s Plus”។ ប៉ុន្តែពេលនេះរបាយការណ៍បានបញ្ជាក់ថាមិនថាម៉ូដែលណាទេ រាល់ iPhone ជំនាន់ក្រោយរបស់ Apple គឺមានបច្ចេកវិទ្យានេះទាំងអស់។
ប្រភពបានបន្ថែមទៀតថា ចំពោះការផលិត iPhone ជំនាន់ក្រោយនេះនឹងមានដំណើរការល្អ ដោយសារតែ Apple បានរក្សាទុកការរចនាដូចទៅនឹងម៉ូដែល iPhone 6 ដែរ។ ប៉ុន្តែជាមួយនឹងការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីនេះ គឺជាការលំបាកមួយ ដោយសារតែវាមានផលប៉ះពាល់ដល់ផ្ទៃអេក្រង់ ដូច្នេះវានឹងធ្វើឲ្យការផលិតមានការយឺតយ៉ាវ៕
Sign up here with your email
Conversion Conversion Emoticon Emoticon