ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា (U-23) នឹងត្រូវប៉ះក្រុម U-23 ម្ចាស់ផ្ទះសិង្ហបុរី នាម៉ោង ៧:៣០នាទីយប់នេះ។ វាអាចជាការប្រកួតដ៏តានតឹងមួយសម្រាប់ក្រុមលោក Lee Tae Hoon ដោយសារសិង្ហបុរីជាក្រុមម្ចាស់ផ្ទះដែលមានអ្នកគាំទ្រច្រើន ហើយក៏ជាប្រកួតទី៣ក្នុងពូល A បន្ទាប់ពីចាញ់ឥណ្ឌូណេស៊ី ចាស់ដៃកាលពីថ្ងៃសៅរ៍។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺប្រវត្តិជួបគ្នាកន្លងមកនៅស៊ីហ្គេម ក្រុមកម្ពុជាមិនដែលឈ្នះ ឬស្មើសិង្ហបុរីនោះទេគិតតាំងពីឆ្នាំ១៩៩៧មក។
តើយប់នេះ កម្ពុជាអាចកែប្រែប្រវត្តិសាស្រ្ដថ្មីបានដែរឬទេ? ប្រសិនបើឈ្នះ មិនមែនត្រឹមតែជាការសងសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តក្ដីសង្ឃឹមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។
លោក Lee Tae Hoon ធ្លាប់បាននិយាយនៅក្នុងសន្និសិតកាសែតក្រោយចាញ់ឥណ្ឌូណេស៊ីថាលោកនឹងកែប្រែកំហុស ហើយប្រឹងប្រែងធ្វើយ៉ាងណាដើម្បីយកឈ្នះសិង្ហបុរីឲ្យបាននាការប្រកួតនេះ។ ចំណែកគ្រូបង្វឹកសិង្ហបុរី លោក Aide Iskandar វិញ បាននិយាយថា ខ្សែប្រយុទ្ធរបស់លោកហាក់បីដូចជាដាក់សម្ពាធលើខ្លួនឯងពេកនា២ប្រកួតចុងក្រោយ។ លោកបានបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់លោកនឹងអាចស៊ុតបញ្ចូលទីបាននាការប្រកួតនេះ។
ក្រុមកម្ពុជានឹងត្រូវអវត្តមានខ្សែការពារ ណុប តុលា ដែលរងរបួសរយៈពេលវែង ខណៈក្រុមសិង្ហបុរីវិញមិនមានបញ្ហាកីឡាកររបួសនោះទេ។
ប្រវត្តិជួបគ្នានៅស៊ីហ្គេម៖
កម្ពុជាបានជួបសិង្ហបុរី នៅស៊ីហ្គេម៤ដង គិតចាប់ពីឆ្នាំ១៩៩៧មក ប៉ុន្តែមិនធ្លាប់ឈ្នះ ឬស្មើនោះទេ ដោយចុងក្រោយគឺកាលពីនៅស៊ីហ្គេមឆ្នាំ២០១១ សិង្ហបុរី ឈ្នះកម្ពុជាប្រផុតប្រផើយ ២-១។ ១គ្រាប់របស់កម្ពុជានាពេលនោះ គឺស៊ុតបញ្ចូលទីដោយ ឈិន ឈឿន ដែលបន្តមានឈ្មោះនៅស៊ីហ្គេមឆ្នាំនេះដែរ។
យ៉ាងណាក្ដី បើគិតលើលទ្ធផលនៃការជួបគ្នានាជំនួបមិត្តភាពវិញ ក្រុម U-23 កម្ពុជា បានយកឈ្នះ U-23 សិង្ហបុរី ៣-១ កាលពីខែមិនាកន្លងទៅ។
ឆ្នាំស៊ីហ្គេម
|
លទ្ធផល
|
២០១១
|
កម្ពុជា ១-២ សិង្ហបុរី (ស៊ុតដោយ ឈិន ឈឿន)
|
២០០១
|
កម្ពុជា ០-៥ សិង្ហបុរី
|
១៩៩៩
|
កម្ពុជា ០-២ សិង្ហបុរី
|
១៩៩៧
|
កម្ពុជា ១-២ សិង្ហបុរី (ស៊ុតដោយហុក សុចិត្រា)
|
ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ហើយក៏មានការផ្សាយបន្តផ្ទាល់តាម YouTube ផងដែរ។
អត្ថបទ៖ សុវត្ថិ
ប្រពភពី ៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon