ក្រុមហ៊ុន Apple មិនទាន់ទាំងបានប្រកាសប្រព័ន្ធប្រតិបត្តិការ iOS 9 ផ្លូវការផង ប៉ុន្តែពេលនេះ ព័ត៌មានពាក់ព័ន្ធនឹងកាលបរិច្ឆេទប្រកាស iPhone 6S បានលេចចេញមុនទៅហើយ។ iPhone ជំនាន់ថ្មីដែលល្បីថា នឹងមានកាមេរ៉ាធំជាងមុន 12MP នេះ ត្រូវបានចចាមអារ៉ាមដែលមិនទាន់មានការអះអាងពី Apple នៅឡើយនោះ លើកឡើងថា នឹងត្រូវប្រកាសចេញនៅថ្ងៃទី២៥ កញ្ញាខាងមុខ។
អ្វីដែលជាភាពប្រាកដប្រជាជាងគេនោះ គឺថា ថ្ងៃប្រកាសនឹងធ្វើឡើងចំថ្ងៃសុក្រ ព្រោះជាទម្លាប់រាល់ការប្រកាសគ្រប់ជំនាន់ iPhone កន្លងទៅ។ ចំណែកកាលបរិច្ឆេទដែល Apple ដាក់ឱ្យបញ្ជាទិញ iPhone 6S អាចនៅមុនថ្ងៃប្រកាសមួយសប្ដាហ៍ គឺនៅថ្ងៃទី១៨ កញ្ញា ដែលការបញ្ជាទិញអាចធ្វើឡើងតែនៅទីផ្សារអង់គ្លេសមុនប៉ុណ្ណោះ។ ចចាមអារ៉ាមអាចជាការពិត ព្រោះដំណឹងបានបែកធ្លាយចេញពីផ្ទៃក្នុងនៃក្រុមហ៊ុន Vodafone របស់អង់គ្លេស ស្ដីអំពីការបញ្ជាក់ប្រាប់ដល់បុគ្គលិកឱ្យត្រៀមខ្លួនសម្រាប់ការចេញលក់ iPhone ជំនាន់ថ្មីតាមអ៊ីមែល។
សូមបញ្ជាក់ថា ព័ត៌មានចុងក្រោយដែល TheBNEWS ទទួលបានពាក់ព័ន្ធទូរស័ព្ទ iPhone ស៊េរីថ្មីនេះ គឺថា iPhone 6S នឹងជាឈ្មោះថ្មីបន្ទាប់ពី iPhone នឹងបំពាក់កាមេរ៉ាទំហំ 12MP ប្រើបច្ចេកវិទ្យា sensor កាមេរ៉ាដែលអភិវឌ្ឍដោយក្រុមហ៊ុន Sony។
កាមេរ៉ា ១២មេហ្គាភិចហ្សេលនៅលើ iPhone 6S ថ្មីនេះ នឹងប្រើបច្ចេកវិទ្យា RGBW Coding របស់ក្រុមហ៊ុន Sony ដែលត្រូវបានឌីហ្សាញផ្ដល់កម្រិតគុណភាពរូបថតខ្ពស់ ច្បាស់ល្អបើទោះបី ថតរូបនៅទីងងឹតក៏ដោយ។ ក្រៅពីសមត្ថភាពកាមេរ៉ាខ្ពស់ជាងមុនហើយ iPhone 6S ក៏ត្រូវគេរំពឹងទៀតថា នឹងបំពាក់អង្គប្រតិបត្តិថ្មី Apple A9 ជាមួយ RAM ទំហំធំជាងមុន ពោលគឺទំហំ 2GB។ Apple ថែមទាំងត្រូវគេរំពឹងទៀតថា ក្រុមហ៊ុននឹងរក្សារចនាបថ iPhone 6S/6S Plus ដូចជា iPhone 6/6 Plus។ Apple អាចនឹងឌីហ្សាញរូបរាងថ្មីជាងនេះ យ៉ាងហោចនៅឆ្នាំ២០១៦ ក្រោយ។
iPhone 6S ត្រូវគេរំពឹងនឹងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១) បច្ចេកវិទ្យា Force Touch ដែលក្នុងនោះនឹងបន្ថែមបទពិសោធន៍ថ្មីក្នុងវិធីសាស្ត្របញ្ចូលព័ត៌មាន (input methods) និងគាំទ្រមុខងារ handwritten signature ជាដើម។
២) អេក្រង់នឹងនៅតែរក្សាទំហំ ៤,៧អ៊ីញ និង៥,៥អ៊ីញ ដែលមាន resolution ដូចម៉ូដែល iPhone 6/6 Plus។
៣) នឹងមានការបន្ថែមជម្រើសពណ៌លើសម្បក iPhone 6S ច្រើនជាងជំនាន់មុន ពោលគឺនឹងមានពណ៌មាសក្រហម (rose gold) ដូចទៅនឹងពណ៌ Apple Watch Edition ដែរ។
៤) iPhone 6S នឹងមានកាមេរ៉ាធំជាងមុនគឺ 12MP ហើយកម្រិតភិចហ្សែល (pixel) ធំជាងមុន
៥) មីក្រូហ្វូន (mic) មួយទៀត នឹងបន្ថែមនៅក្បែរ speaker ដើម្បីស្រូបសំឡេងបានរឹតតែខ្លាំង
៦) iPhone ជំនាន់ក្រោយនេះ នឹងបំពាក់ឈីបអង្គប្រតិបត្តិ A9 processor ជាមួយការធ្វើបច្ចុប្បន្នភាព RAM LPDDR4 ទំហំ 2GB
៧) បញ្ហា iPhone ឆាប់កោងនឹងកែលំអ ដោយប្រើវត្ថុធាតុដើមគុណភាពល្អ ក្នុងការផលិតទាំងទៅលើសម្បក និងផ្នែកខាងក្នុង
៨) iPhone 6S ទាំងពីរម៉ូដែល នឹងប្រើកញ្ចក់កាត់ផលិតពីត្បូងកណ្ដៀងធន់ទ្រាំនឹងការធ្លាក់បែក
៩) មុខងារ Touch ID នឹងកែលំអរឹតតែដំណើរការរលូន ដំណើរការជាមួយ Apple Pay បានងាយស្រួល
១០) គាំទ្រការបញ្ជាដោយកាយវិការ (Gesture control)
១១) iPhone ជំនាន់ថ្មីនេះ ត្រូវគេរំពឹងថា នឹងត្រូវ Apple បញ្ចូលក្នុងចង្វាក់ផលិតកម្មនៅពាក់កណ្ដាលសីហា។ ក្រុមហ៊ុនអាចនឹងផលិតលក់ iPhone 6S/6S Plus ចំនួន ៨០លានគ្រឿង ទៅ ៩០លានគ្រឿងក្នុងឆ្នាំ២០១៥៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ gsmarena
Sign up here with your email
Conversion Conversion Emoticon Emoticon